ប្រវត្តិរូប យាន សំណាង


 (បទពាក្យ៧)

ខ្ញុំបាទសំណាងត្រកូលយាន      យកដៃជាស្ពានចាប់ប៉ាកកា
សរសេររៀបបរាប់រឿងអាត្មា       សង្ខេបខ្លឹមសារប្រាប់ប្រុសស្រី។
ខ្ញុំមានកំណើតនៅបឹងច្រែង       ជាភូមិខ្ញុំតែងឃ្វាលក្របី
តាំងតែពីតូចដល់ដឹងក្តី                គ្រប់យ៉ាងអ្វីៗមិនភ្លេចទេ។
នៅក្នុងឃុំសោបឃុំសំណព្វ         ស្រុកព្រែកប្រសព្វជាប់ទន្លេ
ក្នុងខេត្តក្រចេះដីមានស្នេហ៍       ពូជខ្ញុំពូជខ្មែរៗអស្ចារ្យ។
ជីតាខាងម្តាយឈ្មោះអ៊ិន អាង     គាត់មានរូបរាងខ្ពស់សង្ហារ
និងយាយអ៊ុង អ៊ិន បានរៀបការ   កសាងគ្រួសារយ៉ាងគង់វង្ស។
ជីដូនខាងពុកឈ្មោះអ៊ុំ  ហយ      ពីក្មេងមិនណយស្រស់មានទ្រង់
ឲ្យតាកុយ យាន បាក់ចិត្តលង់   ស្តីយកឆោមយង់មករួមប្រាណ។

ឪពុកខ្ញុំឈ្មោះជា គឹមហុង         អ្នកឲ្យចម្រុងចម្រើងថ្កាន
ចេះធ្វើតុទូទូកសំប៉ាន                  គ្រែគេហដ្ឋានម្ហូបផងដែរ។
ម្តាយរបស់ខ្ញុំឈ្មោះអ៊ាម កី          គាត់គឺជាស្រីចេះថ្នមថែ
ប្តីនិងកូនៗឲ្យល្ហើយល្ហែ               ព្រមទាំងជាមេផ្ទះឆ្លាតវៃ។
ខ្ញុំមានបងប្អូនប្រាំពីរនាក់              ទីមួយស្រីជាក់យាន គន្ធី
ខ្ញុំយាន សំណាងប្រុសទីពីរ       យាន ធារីស្រីទីបី។
ទីបួនប្រុសឈ្មោះយាន វណ្ណៈ    រាងរៅសមសក្តិគួរបេតី
ទីប្រាំគឺយាន វង្សឌីស្រី           ឆោមឆើតពិសីគាប់នេត្រា។
ប្រុសយាន សុធាទីប្រាំមួយ        ស្រីឃើញតែងព្រួយលង់ចិន្តា
ទីប្រាំពីរប្រុសរាងសង្ហារ               ពៅក្នុងគ្រួសារយាន វណ្ណូ
កំណាព្យខ្ញុំតែងបែបបទខ្មែរ          ដៃកូនអ្នកស្រែថ្លែងហែហូរ
បើមានខុសឆ្គងឃ្លោងឃ្លាសូរ        មេត្តាជួយប្តូរផ្តល់ខន្តី។
ចុងក្រោយជូនពរដល់អ្នកអាន       អ្នកស្តាប់គ្រប់ប្រាណទាំងប្រុសស្រី
ឲ្យរស់ជួបជុំសុខសេរី                  បំណងល្អពីយាន សំណាង៕៚

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៩កើត ខែផល្គុន ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១២
រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
សូមចូលទៅទស្សនាៈ http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕