កំណាព្យស្ថាបនាៈ “ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា”

(បទពាក្យប្រាំបី)

នេះបទកំណាព្យខ្មែរពាក្យប្រាំបី           តែងផ្ញើទៅស្រីគ្រប់វ័យតូចធំ
ពិសេសអ្នកដែលកំពុងក្រមុំ                អានហើយខឹងខ្ញុំក៏ខ្ញុំមិនថា។
ត្បិតឃើញស្រីខ្លះស្លៀកពាក់សព្វថ្ងៃ      ឡើងតាមសម័យបានដៃអស្ចារ្យ
ដូច្នេះខ្ញុំសូមចូលរួមស្ថាបនា              បញ្ចេញស័ព្ទសារតាមកាព្យកូនខ្មែរ។
យករឿងស្លៀកខ្លីមកស្តីរិះគន់             តែសូមប្រាប់មុនបើខឹងកុំជេរ
បើជ្រុលជាលេងសូមលេងត្រឹមស្មេរ      កុំលេងដល់ម៉ែណាស្រីប្អូនបង។
ពេលដែលស្លៀកខ្លីតើស្រីដឹងទេ?         អ្នកមើលមាសមេច្រើនក្រៃកន្លង
ខ្លះមើលសរសើរក្នុងន័យឌឺដង             ខ្លះមើលនួនល្អងលួចសើចក្នុងចិត្ត។

ពេលដែលស្លៀកខ្លីពិសីត្រូវដឹង            ក្មេងចាស់សម្លឹងតាមមើលកិតៗ
ធ្វើឲ្យអ្នកមានដំណើរត្បៀតត្បិត          ពេលអង្គុយពិតគឺរិតតែយ៉ាប់។
ពេលដែលស្លៀកខ្លីសាច់ខ្ចីនឹមនួន        ចេញបង្ហាញខ្លួនយ៉ាងល្អចំណាប់
រួមនឹងសាច់ភ្លៅពៅហំសមហាប់           ឲ្យប្រុសខ្លះចាប់ខុសច្បាប់ក៏ហ៊ាន។
ពេលពាក់អាវខ្លីបញ្ចេញសាច់ស           មុខក្រោយចំហសឹងសព្វសាច់ប្រាណ
សាច់ខ្នងសាច់ពោះសាច់ទ្រូងកល្យាណ  ប្រុសមើលកំសាន្តឥតបង់លុយទេ។
នៅក្នុងចិត្តខ្ញុំអាណិតអាណោច            ស្លៀកខ្លីគេសើចស្លៀកខើចខ្មាស់គេ
ពេលដើរទៅមកគឺមិនស្រួលទេ            ហេតុអ្វីមាសមេមិនគិតពិចារណ៍។
ស្រ្តីត្រូវឲ្យតម្លៃដល់ខ្លួន                     បញ្ចេញផ្ទួនៗមិនល្អឡើយណា
ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា             គួរស្លៀកធម្មតាឲ្យច្រើនជាខ្លី។
មិនថាប្រុសខ្ញុំឬប្រុសគេឡើយ             បើឃើញអស់ហើយយកមកធ្វើអី
ឲ្យឃើញក្រោយការទើបមានតម្លៃ        សូមគ្រប់រូបស្រីគិតខ្លួនឯងចុះ៕៚


និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៧កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១២
រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
សូមចូលទៅទស្សនាៈ http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕