កំណាព្យអនុស្សាវរីយ៍ៈ “លាហើយបាត់ដំបង”

(បទពាក្យប្រាំបី)

ឱបាត់ដំបងបណ្តូលចិត្តអើយ              ខ្ញុំសូមលាហើយលាទាំងអាល័យ
លាទាំងទឹកភ្នែកសង្វែកហឫទ័យ          ទោះមាននិស្ស័យក៏សូលាសិន។
លាស្ទឹងសង្កែធ្លាប់ឆ្លងទៅមក              លាឋានធ្លាប់ជ្រកខាងជើងភូមិចិន
លាទាំងក្តីស្នេហ៍ធ្លាប់ក្បែរមាសឆ្អិន        បងសូមលាសិនលាទាំងសោកា។
លារម្មណីយដ្ឋានធ្លាប់បានជួបជុំ           លាវត្តឯកភ្នំធ្លាប់ទៅទស្សនា
លាភូមិសេកសក ជ្រលងបព្វតា           លាពេជ្រចិន្តា លាភ្នំសំពៅ។
លាកំពីងពួយលាទឹកថ្លាឈ្វេង             ទីធ្លាប់ហែលលេងត្រជាក់ព្រួចព្រឺ
លាភ្នំបាណន់លាវត្តកន្ទឺ                     លាដំណាក់ស្តៅ តាគ្រាម រំជៃ។

លាហើយថ្មគោលតាម៉ឺនមានស្នេហ៍       លាពពាលខែក្បែរអូរតាគី
លាអន្លង់រុន បឹងព្រីង រូងជ្រៃ               លាគោកពន្លៃ ដាំស្ពៃ ចុងព្រែក។
លាដំណាក់ហ្លួង វត្តគរ អូរចារ             លាព្រៃរកា បឹងរាំង កូនសេក
លាបាត់ដំបងលាទាំងទឹកភ្នែក             លាទួលតាឯក កំពង់ក្របី។
លាហើយផ្សារណាត់ធ្លាប់ទិញខ្នើយពូក  លាផ្សារបឹងឈូកផ្សារបុរីថ្មី
លាទៅតែកាយតែចិត្តភក្តី                  ផ្ញើលើចំប៉ីផ្កាបាត់ដំបង។
លាUMEទីផ្តល់ចំណេះ                     ឲ្យខ្ញុំបានចេះដឹងសមបំណង
សមទាំងស្នេហាបានផ្កាមួយទង           ស្អាតហើយស្មោះផងបេះដូងនិស្សិត។
ឱបាត់ដំបង បងសូមលាហើយ            តូចតន់បងអើយកុំព្រួលប្រែចិត្ត
បងនឹងវិលមកយករូបវមិត្រ                សាងក្បូនជីវិតសុខសាន្តរៀងអើយ៕៚

នេះរឿងពិតប្រឌិតបន្ថែម ប្រឌិតស្នេហ៍ផ្អែម ពិតគឺលាហើយ៕
និពន្ធដោយ យាន សំណាង
ថ្ងៃ១០កើត ខែកត្តិក ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រិះគន់ស្ថាបនាៈ yeansamnang@gmail.com​
ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕