កំណាព្យស្នេហា “ដឹងផងថាបងលួចស្នេហ៍”

 (បទកាកគតិ)
ដួងចិត្តច្របល់             កើតទុក្ខអំពល់           គ្មានពេលល្ហើយល្ហែ
ព្រោះក្នុងបេះដូង          លាក់លបលួចស្នេហ៍     មិនហ៊ានប្រាប់គេ
                                   ឲ្យយល់បំណង។
កើតទុក្ខម្នាក់ឯង          ឱរាចម្បែង               ពេញសែនសៅហ្មង
តើធ្វើម្តេចទៅ             ទើបពៅនួនល្អង         ​អូនដឹងថាបង
                                     ជាប់ខ្នោះចិត្តស្ងួន។
បេះដូងលាក់ស្នេហ៍       ពិបាកម្ល៉េះទេ             ឡើងទ្វេផ្ទួនៗ
ពេលឃើញប្រុសផ្សេង   នៅជិតនឹមនួន           បេះដូងអង្រួន
                                       ប្រច័ណ្ឌជីវា។
ឱបខ្នើយកើយទុក្ខ        ចិត្តកាយមិនសុខ        ព្រោះភ្លើងស្នេហា
បានឆេះរោលរាល        ពេញក្នុងឱរា             អនន្តអង្សា
                                     បងស្នេហ៍វមិត្ត។
ឱ ព្រលឹងអើយ            រូបអូននេះហើយ        គឺថ្នាំដួងចិត្ត
បើបានថ្លើមថ្លៃ            មករួមជីវិត               ទើបទ្រូងបងពិត
                              ផុតក្តីរំខាន។
គ្មានថ្នាំពុំងារ               បងនឹងមិនជា            ហើយលាចាកដ្ឋាន
មានតែរូបអូន              ទើបជួយបងបាន        ឲ្យស្នេហ៍សុខសាន្ត
                              ដល់ស្ថានសួគ៌លៃ។
បងសង្ឃឹមថា              ពេលបងវាចា            ស្នេហាប្រាប់ស្រី
អូននឹងអាណិត            ដល់ចិត្តភក្តី              ហើយព្រមប្រណី
                              ដល់រូបរៀមបង។
កំណាព្យបទនេះ          ផ្ញើជាពិសេស            ជូនស្រីនួនល្អង
ពេលអានស្តាប់ចប់       សូមស្រស់ទងវង        អូនអើយដឹងផង
                              ថាបងលួចស្នេហ៍៕៚
និពន្ធដោយ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧  ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៣
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕