កំណាព្យអំពីខ្ញុំ "ប្រវត្តិឈ្មោះកវីហេងស៊យ"

(បទពាក្យ៨)
ថ្លែងពីពាក្យថាកវីហេងស៊យ           បានឮញយៗដូចឡូយម្យ៉ាងដែរ
រូបរាងសង្ហារភក្រ្តាមានស្នេហ៍           ឈាមជ័រជាខ្មែរហើយអ្នកស្រែចំ។
ខ្ទងច្រមុះស្រួចស្អាតល្អគ្មានទើស      ធ្មេញក៏ជំពើសស្បែកក៏ស្រកំ
ពេលនិយាយអ្វីស្ដីចេះគួរសម           បើគេណែនាំចេះគិតពិចារណ៍។
សូមអួតខ្លួនឯងត្រឹមប៉ុណ្ណឹងចុះ         សូមប្រាប់ស្រីប្រុសនៅគ្រប់ទិសា
អំពីប្រវត្តិឈ្មោះខ្ញុំនេះណា៎               ដើម្បីដឹងថាម៉េចដាក់ច្នេះហ្ន៎?
ពេលដែលរូបខ្ញុំរៀនតែងកំណាព្យ     ខ្ញុំចូលចិត្តកាព្យស្ថាបនាលម្អ
ព្រោះចង់ឲ្យមនុស្សរស់ស្គាល់ខ្មៅស      ស្គាល់មានស្គាល់ក្រស្គាល់ចាស់ស្គាល់ក្មេង។
ពេលដែលត្រូវចិត្តគេក៏សរសើរ         នេះជាដំណើរខ្ញុំបានពាក្យហេង
អ្នកខ្លះមានខ្លួនខឹងហើយវង្វេង          ប្រើឫកជាក្មេងប្រមាថជេរស្ដី។
នេះធ្វើឲ្យខ្ញុំបានពាក្យថាស៊យ          ពេលឮញយៗមិនទៅជាអ្វី
ព្រោះលោកធម៌នៅក្នុងលោកិយ       ទាំងប្រុសទាំងស្រីជួបគ្រប់អាត្មា។
អ្នកខ្លះសរសើរនិងខ្លះបង្អាប់             មិត្តខ្ញុំបានស្ដាប់ហើយដឹងហេតុការណ៍
ព្រមទាំងឃើញខ្ញុំជួបរឿងច្នេះណា៎     ទើបហៅខ្ញុំថា “កវីហេងស៊យ”

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ១៤កើត ខែផល្គុន ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៣
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://ysnprofile.wordpress.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕