កំណាព្យស្ថាបនា “គេរិះគន់គួរគិតគូរ”

(បទពាក្យ៩)

គេរិះគន់                   យើងគួរគិត            ឲ្យត្រឹមត្រូវ

ក្រែងភ្លាត់ផ្លូវ           តាមគេខុស             ខាតខ្លួនឯង

ព្រោះរិះគន់             មានឲ្យល្អ                និងចំបែង

ច្នេះត្រូវថ្លែង             ថ្លឹងឲ្យសព្វ                សឹមសម្រេច។

អ្នកខ្លះថា                  ព្រោះដួចចិត្ត          គេសន្ដោស

ឃើញការណ៍ខុស      ក៏គិតកែ                ដោយល្អល្អាច់

ខ្លាចយើងជ្រុល          ថយលែងបាន        ទើបជួយកាច់

ដូចរែងខ្សាច់              យកគ្រួសថ្ម           ចេញឲ្យស្អាត។

ផ្ទុយទៅវិញ              មានអ្នកខ្លះ            សែនបង់ម្សៀត

តែងតែឆ្លៀត              ជាន់បន្ថែម            ពេលយើងផ្លាត

ឃើញយើងភ្លាត់        គេស្ដីថា               បែបប្រមាថ

បើមិនឆ្លាត                មុខជាធ្លាក់            ដូចគេប៉ង។

ពោលដូច្នឹង              ចង់ប្រាប់ថា           ពាក្យរិះគន់

ដូចជាយន្ត               បរដល់ផ្លូវ             បត់ម្ដងៗ

មួយម៉ាត់ស្លាប់          មួយម៉ាត់រស់          គ្រោះគន្លង

ច្នេះប្អូនបង                 គេរិះគន់               គួរគិតគូរ៕៚

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.​ ២៥៥៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០១៤
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/

 

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕