កំណាព្យកំប្លែង រឿងៈ “សូមទោសដូចគ្នា”

(បទពាក្យប្រាំបី)

ពូសល់បានដើរសំដៅទៅ        កាន់ផ្ទះពូសៅហើយប្រាប់ថា
សៅអើយកុំខឹងនឹងខ្ញុំណា          ចំពោះបញ្ហាមេមាន់ខ្ញុំ។
ដែលវាបានទៅជជុះកាយ          បន្លែទាំងឡាយទាំងតូចធំ
ឲ្យឯងខូចខាតយ៉ាងដំណំ          អត់ទោសឲ្យខ្ញុំតើបានទេ?
ពូសៅតបថាខ្ញុំមិនខឹង             រឿងនេះខ្ញុំនឹងមិនគ្នាន់គ្នេរ
តែខ្ញុំសូមទោសឯងវិញដែរ         ព្រោះអីគឺឆ្កែខ្ញុំអាភ្លុក។
វាបានខាំមាន់ឯងឲ្យងាប់           ខ្ញុំមិនចោលកប់ខ្ញុំយកទុក

ស្ងោរឲ្យប្រពន្ធកូនម៉ែពុក           ពិសារហូបចុកឆ្ងាញ់ដល់ហើយ។
ពូសល់បានថាមិនអីទេ            មាន់តូចជាងឆ្កែទេសៅអើយ
ឆ្កែនោះកូនខ្ញុំវៃស៊ីហើយ             ព្រោះមិនដឹងឡើយថាឆ្កែឯង។
ឲ្យគ្នាសូមទោសណាសៅណា        ឆ្កែនោះពិតជាឆ្ងាញ់ហួសថ្លែង
គឺឆ្ងាញ់សែនឆ្ងាញ់លើសសម្តែង  ឮហើយសូមឯងកុំខឹងអី។
ពូសៅឮហើយធ្វើបែបភ្ញាក់      អញ្ចឹង អាអ្នកថ្លើមជាប់ដី
ហ៊ានវាយសម្លាប់ឆ្កែខ្ញុំឆី             កូនឯងទេវ៉ីគ្នាទើបដឹង។
គ្នាក៏សូមទោសឯងវិញដែរ         អាអ្នកវៃឆ្កែខ្ញុំមួយហ្នឹង
វាត្រូវជាប់គុកជាប់ចម្រឹង           ព្រោះគ្នាមិនដឹងកូនឯងទេ។
ចប់ហើយរឿងសូមទោសដូចគ្នា  ជូនពរមុនលាសូមល្ហើយល្ហែ
សុខទាំងចិត្តកាយទាំងគូស្នេហ៍   លើកស្ទួយកាព្យខ្មែរថែឲ្យផង៕៚


និពន្ធដោយៈ យាន សំណាង
ថ្ងៃ១២កើត ខែទុតិយាសាឍ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១២
 គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/
រិះគន់ស្ថាបនាៈ yeansamnang@gmail.com
ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕