កំណាព្យស្ថាបនាៈ “វាចាចៅតាយាន”

(បទពាក្យប្រាំពីរ)
ខ្ញុំកើតពិភាល់ខ្វល់ចិន្តា                ពេលឮវាចាមិនសមសួន
នៃកូនចៅខ្មែរមួយចំនួន               មើលងាយជាតិខ្លួនគ្មានគិតអ្វី។
ខ្លះថានំនេកចេកខ្នុរដូង               ល្ពៅត្រាវដំឡូវល្ហុងទុំខ្ចី
ខំធ្វើយ៉ាងណាមិនឆ្ងាញ់ឆី             ដូចរបស់ថៃយួនឡាវឡើយ។
ខ្លះថារបស់របរខ្មែរ                     ផលិតស្រែៗគុណភាពខ្សោយ
រសជាតិក៏ខ្សោះមិនឆ្ងាញ់ហើយ    ថែមទាំងមុខក្រោយមិនលេងស្តាយ(Style)
ឯខ្សែភាពយន្តកុនតន្ត្រី                សិល្បៈចាស់ថ្មីពីនាយអាយ

មើលស្តាប់គេថាសែនឃ្លានបាយ    ព្រោះមិនឆើតឆាយដូចកូរ៉េ។
រាំវង់សារ៉ាវ៉ាន់ចូកកំពឹស               គេថាមឹះៗមិនឡូយទេ
បើខាងរីមីច រ៉ែប ឌីចេ                 នោះទើបពួកគេប្រកាច់បាន។
ឯរឿងស្លៀកពាក់ក៏ដូចគ្នា            ខែក្តៅរងាទាំងប៉ុន្មាន
ប្រុសៗស្លៀកជិតអស់ខ្លួនប្រាណ    ស្រីៗក្លាហានបញ្ចេញអស់។
នាងថាស្លៀកពាក់ដូចខ្មែរយើង      ជិតដៃជិតជើងមិនស្អាតសោះ
ស្លៀកពាក់ដូចនាងទើបបុរស        តាមមកអាឡោះអាល័យស្នេហ៍។
នាងអើយនាងស្រីសម្តីបាន           ខ្ញុំចៅតាយានកូនអ្នកស្រែ
ហើយមានពូជពង្សឈាមជាខ្មែរ     សូមផ្ដាំសូមផ្ដែទៅនាងថា។
ស្អាតព្រោះស្លៀកខ្លីមិនយូរឡើយ   ទឹកភ្នែកជោកខ្នើយឥតបានការ
តែបើនាងស្អាតព្រោះចរិយា          មានអ្នកស្នេហានាងលុះក្ស័យ។
និងសូមផ្តាំដល់យុវជន                ដែលធ្លាប់រិះគន់កាត់តម្លៃ
ឲ្យខ្មែរទាបជាងយួនឡាវថៃ          ខ្ញុំបាទលើកដៃសូមអង្វរ។
មេត្តាលោកអ្នកភ្ញាក់ខ្លួនឡើង        ព្រោះជាតិដែលថ្កើងរុងរឿងល្អ
ដោយការលើកស្ទួយថែគាំទ្រ        មត៌កវប្បធម៌ជាតិនេះឯង។
មានឈ្មោះកើតមកជាកូនខ្មែរ        ពួកយើងត្រូវតែចេះខ្នះខ្នែង
ជួយធ្វើឲ្យជាតិខ្ពស់ចាំងចែង         ឲ្យគេស្ញប់ស្ញែងដូចសាវតារ។
ពាក្យពេចន៍ខ្ញុំចប់តែប៉ុណ្ណឹង          ស្តាប់ហើយកុំខឹងសូមចាំថា
ជាតិខ្ពស់ព្រោះជនក្នុងសីមា          នេះជាវាចាចៅតាយាន៕៚

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៦កើត ខែអាសាធ ឆ្នាំថោះ ត្រីស័ក ព.ស២៥៥៥ ត្រូវនឹងថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕