កំណាព្យស្ថាបនាៈ “ប្អូនស្រីបងអើយ”

(បទកាកគតិ)


ក្នុងយុគៈថ្មី             ប្អូនៗស្រីៗ               បានដៃអស្ចារ្យ   
អាយុមិនទាន់          នឹងគ្រាន់គ្រប់ការ       ប្រឹងតែងកាយា  
                          ធ្វើដូចក្រមុំ។
មើលទៅប្អូនស្ងួន      វ័យក្រោមដប់បួន       ខ្លួនមិនទាន់ធំ     
តែប្រឹងពាក់អាវ        បំប៉ោងសាច់ដុំ           នខាមាសមុំ       
                          លាបថ្នាំក្រឡៅ។
វង់ភក្រ្តមានភ័ព្វ        គ្មានមុនមួយគ្រាប់       តែប្រឹងលាបម្សៅ
សាច់មុខស្អាតល្អ      ប្រែពណ៌ជាខ្មៅ          បាត់បងពង្សផៅ 
                          ធម្មជាតិថ្លៃថ្លា។
ស្បែកខ្លួនមាសមេ    ខំបំពាក់ឡេ              ឲ្យខូចឥតការ    
ពេលដែលទៅរៀន   ទៅមានសង្សារ          ចុងក្រោយជីវ៉ា   
                          ចេះត្រឹមទឹកភ្នែក

ពាក្យពេចន៍សាសង  បានឮម្តងៗ              គួរឲ្យសង្វេគ     
សម្តីដូចប្រុស          បោះមិនអល់អែក       ពេលដើរដាច់ប៉ែក        
                          នាំគ្នាវាតវង់។
បើជួបជុំគ្នា             ប្រឹក្សាការងារ            មេរៀនទម្រង់    
ហ្នឹងមានទៅឆ្អី         ព្រោះចេះផុតល្ងង់       តែនេះឆោមយង់ 
                          វាតវង់ផឹកស្រា។
លើកមួយអាម៉ាក      យើងកុំកំសាក           នាំតែប្រុសថា     
យើងផឹកតែយើង     គ្មានទើសអាណា        ផឹកកុំសង្កា        
                          លើកដាច់សាច់ស្អាត។
ប្អូនស្រីបងអើយ       ល្មមហើយៗ             ល្មមឈប់ប្រមាទ
ឲ្យបងប្រុសប្អូន        សុំចិត្តចុះបាទ            កុំចាំភ្លាត់ផ្លាត     
                          បង់ខាតទើបភ្លឺ។
ខ្លួននៅក្មេងខ្ចី          កុំខ្លាចអត់ប្តី              ណាស្រីប្អូនពៅ  
គិតខ្លួនគិតញាតិ       គិតជាតិខ្លះទៅ           កុំចាំអាស្រូវ       
                          ទើបថាស្តាយក្រោយ។
ភ្ញាក់ឡើងពុំងា         ព្រោះពេលវេលា        មិនចាំយើងឡើយ         
ស្តាប់ម៉ែទូន្មាន         ខំរៀនត្រើណត្រើយ    ពេលបានចប់ហើយ
                          ប្អូនមានទីពឹង។
កំណាព្យបទនេះ      ជូនញាតិត្រិះរិះ          និងជួយសម្លឹង    
ប្រាប់ប្អូនស្រីខ្ញុំ         ឲ្យមុំបានដឹង             កុំឲ្យនាងខឹង      
                          ថាចាស់មិនប្រាប់។
ពាក្យខ្ញុំសូមចប់        បើខឹងកុំស្អប់             នាំភ័ព្វចាស់ឆាប់  
បើចង់ស្ថាបនា         ឈ្មោះខ្ញុំមានស្រាប់     ជូនពរចុងកាព្យ  
                          សូមសុខគ្រប់គ្នា៕៚


និពន្ធដោយៈ យាន សំណាង
ថ្ងៃ១៥កើត ខែផល្គុន ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៣
រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
សូមចូលទៅទស្សនាៈ http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕