(បទពាក្យប្រាំបី)
នេះបទកំណាព្យខ្មែរពាក្យប្រាំបី តែងផ្ញើទៅស្រីគ្រប់វ័យតូចធំ
ពិសេសអ្នកដែលកំពុងក្រមុំ អានហើយខឹងខ្ញុំក៏ខ្ញុំមិនថា។
ត្បិតឃើញស្រីខ្លះស្លៀកពាក់សព្វថ្ងៃ ឡើងតាមសម័យបានដៃអស្ចារ្យ
ដូច្នេះខ្ញុំសូមចូលរួមស្ថាបនា បញ្ចេញស័ព្ទសារតាមកាព្យកូនខ្មែរ។
យករឿងស្លៀកខ្លីមកស្តីរិះគន់ តែសូមប្រាប់មុនបើខឹងកុំជេរ
បើជ្រុលជាលេងសូមលេងត្រឹមស្មេរ កុំលេងដល់ម៉ែណាស្រីប្អូនបង។
ពេលដែលស្លៀកខ្លីតើស្រីដឹងទេ? អ្នកមើលមាសមេច្រើនក្រៃកន្លង
ខ្លះមើលសរសើរក្នុងន័យឌឺដង ខ្លះមើលនួនល្អងលួចសើចក្នុងចិត្ត។